Tuesday, January 21, 2020

សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា បានគោលជំហូរទៅយុវជនថា.....
មិនខ្វល់រឿងនយោបាយ?

មុនពេលអ្នកគិតថា មិនចង់ខ្វល់ឬមិនខ្វល់អំពីរឿងនយោបាយ អ្នកត្រូវយល់ឱ្យបានច្បាស់ពីនយោបាយជាមុនសិន។ រឿងសំខាន់មួយដែលយើងត្រូវដឹងគឺថា តើនយោបាយជាប់ពាក់ព័ន្ធអ្វីជាមួយអ្នក?






ទស្សនវិទូបុរាណក្រិច ផ្លាតុង និយាយថា “នៅលើលោកនេះ មានតែសត្វប៉ុណ្ណោះ ដែលមិនខ្វល់ពីនយោបាយ”។ ហេតុអ្វីបានជាផ្លាតុងលើកឡើងបែបនេះ។ អ្នកគឺជាប្រជាជនម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសមួយ ហើយប្រទេសរបស់អ្នកត្រូវបានគ្រប់គ្រងដោយអ្នកនយោបាយ។ រឿងអីដែលអ្នកមិនជាប់ពាក់ព័ន្ធនឹងនយោបាយ?

អ្នករស់នៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសអ្នកនយោបាយដើម្បីមេដឹកនាំប្រទេស ដែលត្រូវកំណត់វាសនាប្រទេសរបស់អ្នករយៈពេលកំណត់ណាមួយ។ ពួកគេជាអ្នកកំណត់គោលនយោបាយប្រទេសជាតិ ទាំងវិស័យការពារជាតិ (ការពារទឹកដី) ការពារសន្តិសុខ លើស្ទួយវិស័យអប់រំ កសិកម្ម សុខាភិបាល ការងារ ជាដើម។ អ្នកថាមិនខ្វល់ពីនយោបាយ ប៉ុន្តែធ្វើដូចម្តេចទើបអ្នកដឹងថា តើអ្នកណាដែលអាចធ្វើកិច្ចការទាំងនេះបានល្អទៅ? មិនខ្វល់ពីនយោបាយ ធ្វើដូចម្តេចទើបដឹងថា តើពួកគេបានធ្វើតាមសន្យាកាលពីមុនបោះឆ្នោតទៅ?

អ្នកមិនខ្វល់ពីនយោបាយ ប៉ុន្តែអ្នកនយោបាយខ្វល់ពីអ្នកគ្រប់ពេល រហូតពេលខ្លះពួកគេព្យាយាមពន្យល់ ឬរហូតដល់ពេលខ្លះពួកគេត្រូវបោកអ្នកថែមទៀត ពីព្រោះដោយសារអ្នកមិនខ្វល់ឬអ្នកមិនសូវយល់។ ប៉ុន្តែនៅពេលដែលប្រជាជនខ្វល់នយោបាយឬដឹងពីនយោបាយ​ច្រើនជាង ប្រហែលជាពួកគាត់មិនអាចប្រើប្រាស់របៀបបោកប្រាស់ ដើម្បីដឹកនាំប្រទេសបានទៀតឡើយ។ ពួកគាត់អាចមានជម្រើសតែពីរប៉ុណ្ណោះ គឺ រកវិធីផ្សេងដើម្បីបោកប្រាស់ ឬធ្វើតាមបំណងរបស់អ្នក។

បើអ្នកមិនខ្វល់ពីនយោបាយ សូមកុំឈឺចិត្តនៅពេលដែលប្រទេសរបស់អ្នកមិនរីកចម្រើន កសិផលរបស់អ្នកចុះថោកឬគ្មានទីផ្សារ។ អ្នកមិនខ្វល់ពីនយោបាយ សូមកុំឈឺចិត្តនៅពេលដែលប្រព័ន្ធតុលាការរបស់អ្នកគ្មានយុត្តិធម៌។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តនៅពេលប្រព័ន្ធអប់រំរបស់អ្នក មិនជឿនលឿនទៅមុខដូចប្រទេសដទៃ។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តបើប្រទេសរបស់អ្នកពោរពេញដោយអំពើពុករលួយ។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តនៅពេលដែលប្រព័ន្ធសុខាភិបាលរបស់អ្នកអន់ខ្សោយខ្លាំង។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តបើអ្នករស់ក្នុងសភាពភ័យខ្លាចពីសុវត្ថិភាពចំណីអាហារ។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តនៅពេលអ្នកគ្មានការងារធ្វើ ឬត្រូវចំណាកស្រុកទៅក្រៅប្រទេស។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្ត បើអ្នករកស៊ីមិនដឹងសភាពការណ៍ប្រទេសជាតិ ឬបត់មិនទាន់គេ។ មិនខ្វល់ពីនយោបាយ សូមកុំអន់ចិត្តជាមួយបញ្ហាជាច្រើនកើតឡើងក្នុងប្រទេសជាតិរបស់អ្នក។

ពេលអ្នកយល់ពីនយោបាយ មិនមែនមានន័យថា អ្នកអាចជ្រើសរើសអ្នកនយោបាយដែលល្អឥតខ្ជោះនោះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏អ្នក​ដឹងថា អ្នកនយោបាយណាមួយដែលអាក្រក់តិចជាងគេដែរ។ ពេលអ្នកយល់អំពីនយោបាយ មិនមែនមានន័យថា មិនអាចធ្វើឱ្យអ្នកនយោបាយបោកប្រាស់ឬកុហកអ្នកនោះទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏អ្នកដឹងថា អ្នកនយោបាយណាកំពុងបោកប្រាស់ឬកុហកអ្នកដែរ។ ពេលអ្នកយល់អំពីនយោបាយ មិនមែនមានន័យថា អ្នកអាចដឹងថា ផ្លូវណាមួយដែលត្រឹមត្រូវសម្រាប់អ្នកនយោបាយនោះទេ យ៉ាងហោចណាស់ក៏អ្នកអាចដឹងថា ផ្លូវដែលអ្នកនយោបាយកំពុងដើរ ត្រូវឬខុស មានប្រយោជន៍ឬគ្មានសម្រាប់ប្រទេសជាតិអ្នកដែរ....[នៅមានត]...

#តំណក់ទស្សនៈ #ឈុំសីហា #នយោបាយ #ប្រទេសជាតិ #សាងគ្រឹះនគរ

No comments:

Post a Comment