លោក កឹម សុខា៖ បើមិនជឿថាខ្ញុំធ្វើសកម្មភាពដើម្បីប្រជាធិបតេយ្យ ហៅអាមេរិកមកសួរទៅ..........

លោក កឹម សុខា ទាមទារឱ្យតុលាការកោះហៅអាមេរិកមកសួរដេញដោល ប្រសិនបើមិនជឿថា លោកទៅរៀននៅប្រទេសមួយនេះអំឡុងឆ្នាំ១៩៩៣ គឺដើម្បីលើកស្ទួយការពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ក្រោមបទចោទប្រកាន់«សន្ទិដ្ឋិភាពជាមួយបរទេស» ដោយសវនាការនៅថ្ងៃនេះ បានសួរដេញដោលលើអង្គហេតុចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧។
ក្រៅពីសួរដេញដោលអង្គហេតុ ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹង រដ្ឋាភិបាលក៏បានសួរលោក កឹម សុខា ទាក់ទិននឹងវីដេអូឃ្លីបដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលលោកនិយាយថា បានទៅរៀនយុទ្ធសាស្ត្រពីប្រទេសប្រជាធិបតេយ្យមួយនេះ ដើម្បីធ្វើការផ្លាស់ប្ដូរមេដឹកនាំ។
នៅក្នុងសវនាការ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាលបានសួរលោក កឹម សុខា ថាតើលោក កឹម សុខា ទៅរៀននៅសហរដ្ឋអាមេរិកពិតមែនឬ?
ឆ្លើយតបនឹងសំណួរតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរបស់រដ្ឋាភិបាលនៅក្នុងរង្វង់ក្រចកសេះ លោក កឹម សុខា អះអាងថា គាត់ពិតជាបានទៅរៀននៅសហរដ្ឋអាមេរិកមែន ដោយរៀនអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកបន្តថា សាស្ត្រចារ្យសហរដ្ឋអាមេរិកមិនបានបង្រៀនឱ្យគាត់ធ្វើបដិវត្តន៍ពណ៌ និងរដ្ឋប្រហារនោះទេ ប៉ុន្តែ ប្រសិនបើតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាល មិនជឿ លោកថា អាចហៅអាមេរិកមកសាកសួរបាន។
លោកថា៖ «សាស្ត្រាចារ្យ សហរដ្ឋអាមេរិក គេមិនបានបង្រៀនឱ្យធ្វើរដ្ឋប្រហារ មិនបង្រៀនឱ្យខ្ញុំបដិវត្តន៍ពណ៌ទេ គឺគេបង្រៀនពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ»។
លោក កឹម សុខា បានបញ្ជាក់នៅក្នុងបន្ទប់សវនាការថា ការដែលគាត់រៀនពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ គឺក្នុងគោលបំណងចង់ធ្វើឱ្យការផ្លាស់ប្ដូរមេដឹកនាំមួយដោយអហិង្សា ពោលគឺធ្វើការប្រកួតប្រជែងគ្នាដោយការបោះឆ្នោត។
លោកថា៖ «ជាជម្រើសរបស់ខ្ញុំ គឺអហិង្សា មិនឱ្យមានការបង្ហូរឈាមទេ»។
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការមេធាវីការពារក្ដីឱ្យរដ្ឋាភិបាល គឺលោក គី តិច អះអាងថា លោកមិនទាន់អាចឆ្លើយបានថា ហៅ ឬមិនហៅសហរដ្ឋអាមេរិកមកសួរនោះទេ។
លោកថា៖ «សុំបញ្ជាក់ថា សំណួរនេះ ខ្ញុំសុំអធ្យាស្រ័យ ដោយសារវាពាក់ព័ន្ធទៅថ្ងៃខាងមុខទៀត។ អ៊ីចឹង ផែនការរបស់មេធាវីទាំងសងខាងនៅក្នុងសវនាការនៅក្នុងការការពារសិទ្ធិឱ្យភាគី គឺគេមានផែនការរបស់គេ! គេអាចរៀបចំធ្វើទៅមុខ ឬធ្វើនៅពេលណា។ អ៊ីចឹង បើខ្ញុំបង្ហើបថា នៅពេលណា ជូនទៅតាមសំណួរនេះ វាអាចធ្លាយ បែកផែនការ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ លើកឡើងថា ការសម្រេចកោះហៅភាគីពាក់ព័ន្ធចូលរួមសវនាការនេះ លោកថា ជាសិទ្ធិរបស់ប្រធានក្រុមប្រឹក្សាជាអ្នកសម្រេច។
លោកថា៖ «សិទ្ធិសម្រេចយ៉ាងណាៗ គឺនៅលើក្រុមប្រឹក្សាអ្នកសម្រេច»។
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ចាន់ ចេន មានប្រសានស៍ថា កន្លងមក ក្រុមមេធាវីបានស្នើទៅចៅក្រមស៊ើបសួរ ដើម្បីឱ្យកោះហៅបរទេសពាក់ព័ន្ធមកចូលរួមសវនាការដែរ ប៉ុន្តែ រហូតមកដល់ពេលនេះ លោកថា មិនទាន់មានការឆ្លើយតបនៅឡើយ។ លោកបន្តថា លោកនឹងធ្វើការពិភាក្សាគ្នាបន្តទៀតថា ដើម្បីស្នើសុំឱ្យមានការកោះហៅជនបរទេសមកសាកសួរ។
លោកថា៖ «កន្លងមក យើងធ្វើការស្នើសុំឱ្យចៅក្រមស៊ើបសួរបំពេញកិច្ច ហៅជនបរទេសដែលពាក់ព័ន្ធសំណុំរឿងដែលចោទកូនក្ដីយើងខ្ញុំថា ត្រូវរ៉ូវជាមួយជនបរទេស ប៉ុន្តែ យើងមិនទាន់ឃើញជនបរទេសណាមកឆ្លើយនៅចំពោះមុខតុលាការនៅឡើយរហូតមកដល់ពេលនេះ»។
នេះជាថ្ងៃទី៤ ហើយដែលតុលាការបានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿង«សន្ទិដ្ឋិភាពជាមួយបរទេស» លោក កឹម សុខា ដោយសវនាការនេះនឹងបន្តនៅសប្ដាហ៍ក្រោយទៀត។ បើតាមតុលាការអះអាងសវនាការលោក កឹម សុខា អាចនឹងប្រើរយៈពេល ៣ខែ៕